ប្រទេសកម្ពុជាបាន ចុះហត្ថលេខា កាលពីថ្ងៃទី 20ខែមេសា កន្លងមកជាមួយនឹងប្រទេសវៀតណាម
ក្នុងការបង្កើត បណ្ដាញអ៊ីនធឺណិត ដោយប្រើខ្សែកាបដ៏ខ្លាំងមួយ។
កិច្ចព្រមព្រៀងនេះ បានធ្វើឡើងរវាងក្រុមហ៊ុនវៀតណាម
ខាងទូរគមនាគមន៍អន្តរជាតិ (Vietnam Telecoms International - VTI) ជាមួយនឹង ទូរគមនាគមន៍កម្ពុជា
(ស្ថាប័នរបស់រដ្ឋ) ដើម្បីនឹងដាក់ឲ្យមាន នូវប្រព័ន្ធខ្សែកាបមួយ
មានឈ្មោះថា «មហាវិថីនៃបណ្ដាញទូរគមនាគមន៍ (Super Highway Telecoms Network)»
វាគឺជាបណ្ដាញបញ្ជូន
ដែលមានល្បឿនដ៏លឿនមួយ ដែលនឹងធ្វើឡើងរវាងកម្ពុជា និងវៀតណាម
ហើយភ្ជាប់ទីក្រុងទាំងពីរ ភ្នំពេញ និង ហូជីមិញ ចម្ងាយពីគ្នាប្រមាណជា 260 គ.ម។ បច្ចេកវិទ្យាថ្មីនេះ
នឹងអនុញ្ញាតឲ្យប្រទេសកម្ពុជា អាចពង្រីកសេវាកម្មផ្នែកទូរស័ព្ទ
និងអ៊ីនធឺណិត ឲ្យមានគុណភាព និងមានល្បឿនលឿនជាងមុន។
សូមបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃ
ក្រុមហ៊ុនផ្គត់ផ្គង់ សេវាអ៊ីនធឺណិតជាច្រើននៅកម្ពុជា
បានប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធផ្កាយរណប ដើម្បីភ្ជាប់បណ្ដាញអ៊ីនធឺណិត។
បច្ចេកវិទ្យានេះ ធ្វើឲ្យគេមើលឃើញថា ពីខាងក្រៅថាល្អ តែវា
ក៏បានលក់ទៅឲ្យបណ្ដាអតិថិជន ក្នុងតម្លៃថ្លៃ
ខណៈគុណភាពនៃការភ្ជាប់បណ្ដាញរបស់វា នៅមានកម្រិតនៅឡើយ។
តែជាមួយនឹងបច្ចេកទេស
នៃប្រព័ន្ធខ្សែថ្មីនេះ អ្នកប្រើប្រាស់អ៊ីនធឺណិត នឹងអាចឈានជើង
ចូលមកក្នុងបរិបទថ្មីមួយ ដែលការផ្លាស់ប្ដូរនេះ នឹងធ្វើឲ្យមានការកែលំអ
នៅក្នុងរបបទីផ្សារសេរី ទាំងសេវាកម្ម ទាំងបច្ចេកទេស របស់ក្រុមហ៊ុន
ផ្គត់ផ្គង់ សេវាអ៊ីនធឺណិតមុនៗ ដូចជា Online, Camintel, Camshin ឬ Citylink នោះជាដើម៕