ប្រជាជនលើពិភពលោកដែលមិនចេះភាសាខ្មែរ
នាពេលខាងមុខនេះនឹងអាចយល់និងអានគេហទំព័រភាសាខ្មែរបាន
ខណៈដែលក្រុមហ៊ុន Google
នឹងចេញកម្មវិធីបកប្រែភាសាខ្មែរ
ដែលអាចនឹងបង្ហោះផ្សាយក្នុង ត្រីមាសទីពីរនៃឆ្នាំនេះ។
លោក ហេង សុវណ្ណ
អ្នកសម្របសម្រួលម្នាក់ក្នុងចំណោមអ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Google ប្រចាំប្រទេស
ដែលចូលរួមដំណើររៀបចំកម្មវិធីបកប្រែនេះ បានថ្លែងថា
ការងារបង្កើតឲ្យមានការបកប្រែនេះគឺបានរៀបចំឡើងរយៈពេលប្រហែល៥ឆ្នាំហើយ។
លោក សុវណ្ណ ប្រាប់ថា កម្មវិធី alpha បានបង្កើតរួចហើយ
ហើយបច្ចុប្បន្នកំពុងតែធ្វើតេស្ដសាកល្បងជាលក្ខណៈផ្ទៃក្នុង។
លោកថ្លែងថា៖ «យើងកំពុងព្យាយាមដោះស្រាយបញ្ហាគុណភាពមួយចំនួនទៀត
ដូចជា បញ្ហាសុក្រឹត ដែលអាចនឹងប៉ះពាល់ដល់គុណភាពបកប្រែ»។
លោក Javier Sola នាយកកម្មវិធីនៅវិទ្យាស្ថានបើកទូលាយ
(Open Institute) បានថ្លែងថា៖«វាមានបញ្ហាខ្លះៗ ដោយសារវិធីបកប្រែរបស់ Google នៅមានបញ្ហាខ្លះៗនៅឡើយ»។
វិទ្យាស្ថានបើកទូលាយ
ដែលជាវិទ្យាស្ថានមួយកំពុងជួយការងារអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យានិងប្រាស្រ័យទាក់ទងនៅទីនេះ
បាននិងកំពុងធ្វើការងារនេះជាមួយ Google ពីឆ្នាំកន្លងមក។
លោក Sola បានថ្លែងថា៖
«វាមានលក្ខណៈជាទិន្នន័យសុទ្ធនៅឡើយ។
វាយកប្រយោគដែលសរសេររាប់លានប្រយោគជាភាសាអង់គ្លេសនិងភាសាខ្មែរ
ហើយដាក់វាចូលទៅក្នុងក្រុមម៉ាស៊ីនលាង។
ម៉ាស៊ីននេះបង្កើតនូវទិន្នន័យដែលប្រើប្រាស់ប្រយោគទាំងនេះ ជាឧទាហរណ៍
នៅពេលដែលវាត្រូវធ្វើការបកប្រែ»។
លោកបន្ថែមថា ទិន្នន័យកាន់តែច្រើន ការបកប្រែកាន់តែសុក្រឹត។
ប៉ុន្តែ ទោះយ៉ាងណាក្ដី
ទិន្នន័យដែលមានស្រាប់សម្រាប់ការបកប្រែភាសាអង់គ្លេសនិងខ្មែរមិនទាន់មានច្រើនដូចទិន្នន័យសម្រាប់ការបកប្រែរវាងភាសាអង់គ្លេស
និងបារាំងទេ។
លោក ហេង សុវណ្ណ បានបញ្ជាក់ថា៖ «នេះនឹងត្រូវការពេលវេលាដើម្បីអភិវឌ្ឍវាឲ្យមានសមត្ថភាពពេញលេញ»។
លោកបន្ថែមថា
សុក្រឹតភាពនៃការបកប្រែនេះនឹងកាន់តែមានភាពច្បាស់លាស់ទៅតាមពេលវេលាអភិវឌ្ឍន៍គម្រោងការ។
ក្រុមអ្នកជំនាញបានថ្លែងថា
កម្មវិធីនេះនឹងរួមចំណែកដល់ការយល់ដឹងទូលំទូលាយជាងមុនសម្រាប់ទាំងក្នុង
និងក្រៅប្រទេសកម្ពុជា។
លោក តូនី លីម
អ្នកឯកទេសគ្រប់គ្រងព័ត៌មានរបស់ស្ថានទូតអាមេរិក
ប្រចាំកម្ពុជាបានថ្លែងថា៖ «អ្នកដែលមិនចេះនិយាយភាសាខ្មែរ
នឹងអាចប្រើប្រាស់កម្មវិធីថ្មីនេះដើម្បីយល់ដឹងសារផ្សេងៗពីជនជាតិកម្ពុជា»។
លោកបន្តថា៖ «វានឹងជាវិធីមួយដែលនឹងធ្វើឲ្យពិភពលោកទូលំទូលាយជាងមុន»។
លោក លីម បានថ្លែងបន្តថា៖ «វានឹងជួយកាត់បន្ថយរនាំងឧបសគ្គនៃភាសា
ដូច្នេះអ្នកខាងក្រៅអាចយល់ពីអ្វីដែលយើងនិយាយទាក់ទងគ្នា»៕ PS