នំអន្សម
គឺជានំដែលប្រជាជនខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សម
ជារៀងរាល់ឆ្នាំ មិនដែលខាន ឲ្យតែដល់រដូវបុណ្យចូលឆ្នាំខ្មែរ
ឬរដូវកាលបុណ្យភ្ជុំបិណ្ឌម្ដងៗ ជាពិសេស គឺរដូវបុណ្យភ្ជុំបិណ្ឌ គឺប្រជាពលរដ្ឋខ្មែរតែងវេចនំអន្សមនេះ
ស្ទើរគ្រប់ផ្ទះ។ យើងតែងសម្គាល់ឃើញ ប្រជាពលរដ្ឋខ្មែរវេចនំ
នៅមុនថ្ងៃបុណ្យភ្ជុំ មួយឬពីរថ្ងៃ គឺគ្រប់ផ្ទះញាប់ដៃញាប់ជើង
ម្នីម្នារៀបចំវេចនំដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។
នំដែលយើងវេចរួមមានដូចជា៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម។
អត្ថន័យរបស់នំអន្សម
៖
ពាក្យ “អន្សម” តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត
បានពន្យល់ថា៖ នំអន្សម ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់
(តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម
ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក
អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។ អន្សមជ្រូក
អន្សមដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង អន្សមដាក់ខ្ទិះដូង
ឬសាច់ដូងទុំកោសលាយផង។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង។ល។
មូលហេតុដែលនាំឲ្យមានការវេចនំអន្សម
តាមជំនឿសាសនា ៖
យោងតាម (Nom Ansom) ឯកសារមួយចំនួនបានឲ្យដឹងថា
ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់ សាសនាព្រាហ្មណ៍
ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែងតែមានទំនាក់ទំនងនឹងសាសនា
តួយ៉ាងនំអន្សមនេះជាដើម។
ក្នុងសាសនាព្រាហ្មណ៍នំអន្សម
គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា
ដែលជាព្រះមហេសីរបស់ព្រះឥសូរ។
ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ។
ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ
គ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច
ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ)
ទើបខ្មែរយើងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះទៅប្រគេនព្រះសង្ឃវិញ
ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។
(រូប នំអន្សម នៅវត្ត ហាន់ជ័យ
ភ្នំហាន់ជ័យ)
“នំអន្សម” មានដើមកំណើតតាំងពីបរមបុរាណកាលមក
ក្នុងប្រវត្តិនំប្រពៃណីខ្មែរ
និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ
ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍
និងពិធីបុណ្យសាសនាមួយចំនួនទៀត។
ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា
បុណ្យផ្សេងទៀតជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា។
វិធីក្នុងការវេច
នំអន្សម ៖
ដំបូង យើងត្រូវហែកស្លឹកចេក ឬ ស្លឹកផ្អាវ
ហើយហាលថ្ងៃឲ្យទន់ល្អចំពោះស្លឹកចេក។
បន្ទាប់មកត្រូវយកវាមកជូតឲ្យស្អាតនិងត្រូវត្រៀមខ្សែ សម្រាប់ចង។
គេអាចយកដើមចេកមកធ្វើជាខ្សែក៏បាន ឬខ្សែចងធម្មតាក៏បាន។ បន្ទាប់មកទៀត
ត្រូវលាងអង្ករដំណើបទុកឲ្យស្ងួត
ហើយទឹកអង្ករដំណើបនោះត្រូវលាយអំបិលតិចៗដើម្បីបង្កើនឱជារស
ហើយត្រូវលាងសណ្ដែកលឿងទុកឲ្យស្រស់ទឹក។ បន្ទាប់ពីនោះ
យើងត្រូវហាន់សាច់ជ្រូកជាចង្វាយវែងល្មម (ភាគច្រើនគេយកសាច់ជ្រូកបីជាន់
ដោយសារវាមានជាតិខ្លាញ់តិចៗ) ដោយលាយគ្រឿងដូចជា ម្រេច អំបិល មើមខ្ទឹមស
ជាដើម។
ក្រោយមក យើងអាចវេចបានហើយ។
ការវេចយើងត្រូវចំណាយពេលពី ១ ទៅ ២
ម៉ោងអាស្រ័យទៅលើចំនួនអង្ករដែលយើងវេច។
ដំបូងយើងត្រូវលាស្លឹកចេកទ្រាប់លើគ្នាឲ្យក្រាស់ល្មម ហើយត្រូវដាក់អង្កររាយលើស្លឹកចេក
បន្ទាប់មករោយសណ្ដែកលឿងពីលើរួចដាក់សាច់ជ្រូកពីលើ
ហើយបត់ចុងនៃស្លឹកទាំងពីរចូលគ្នា។
បន្ទាប់ពីវេច
ហើយយើងត្រូវឆ្លងកាត់ដំណាក់កាលមួយទៀតគឺ ចង។
ការចងនំមិនមែនជាការងាយនោះទេ។ យើងត្រូវចងឲ្យណែនល្អ បើមិនដូច្នេះទេនៅពេលស្ងោរ
ទឹកអាចចូលក្នុងនំ ដែលអាចធ្វើឲ្យអង្កររលាយចេញ។
បន្ទាប់ពីចងហើយយើងត្រូវយកទៅស្ងោរ។
ការស្ងោរយើងត្រូវចំណាយពេលប្រមាណពី ៥ ទៅ
៦ ម៉ោង ទម្រាំតែឆ្អិនល្អ។ យើងត្រូវនៅចាំមើលជាប់ជានិច្ច
យើងត្រូវមើលភ្លើងឲ្យបានដិតដល់ ហើយត្រូវប្រែនំទៅម្ខាងទៀត
ដើម្បីឲ្យនំឆ្អិនបានល្អ៕