Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

Google Translate មាន​ជា​ភាសា​ខ្មែរ​ហើយ! តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

   សួស្ដី​ខ្មែរ​ទាំងអស់​គ្នា!! សុខ​សប្បាយ​ជា​ទេ​? ឥឡូវ​នេះ​ជាតិសាសន៍​ខ្មែរ​យើង​ អាច​ឲ្យ​ពិភពលោក​​ដឹង​ឮ​ ថា​យើង​កំពុង​ធ្វើ​អ្វី​ ហើយ​ចង់​បាន​អ្វី ដោយ​ក្នុង​ថ្ងៃ​នេះ​ខ្ញុំ​ទើប​ទទួល​ដំណឹង​មក​ថា Google Translate ដែល​ជា​គេហទំព័រ​បកប្រែ​ភាសា​​ល្បី​និង​ធំ​ជាង​គេ​​បាន​បញ្ចេញ​ការ​បកប្រែ​​ជា​ភាសា​ខ្មែរ​បាន​ហើយ នេះ​ជា​ទី​សង្ឃឹម​របស់​ខ្មែរ​យើង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​អន្តរជាតិ ឲ្យ​អាច​មើល​យល់​ភាសាខ្មែរ ដោយ​ធ្វើការ​បក​ទៅ​កាន់​ភាសា​របស់​ពួក​គេ។
   ដំណឹង​ដែល​ថា Google Translate មាន​ជា​ភាសា​ខ្មែរ ​ត្រូវ​បាន​សាយភាយ​លឿន​​ជាង​ជាតិ​វិទ្យុសកម្ម​របស់​​នុយក្លេអ៊ែរ​ទៅ​ទៀត ចាប់​ភាយ​ៗដំបូង​នៅ​ក្នុង Facebook បន្ទាន់​មក​ទើប​សាយ​ដល់​គេហទំព័រ​នានា​​​ប្រណាំង​គ្នា​សរសេរ ​ឡើង​ហុត​ដី​ដូច​គេ​រាំ​ធុងបាស​ខែ​ចេត្រ​អត់​បាន​ស្រោច​ទឹក។ តែ​អ្វី​ដែល​ខ្ញុំ​ចង់​លើក​យក​មក​និយាយ​ក្នុង​ពេល​នេះ​គឺ​ថា បើ​យើង​មាន​ប្រព័ន្ធ​បកប្រែ​ភាសា​ខ្មែរ​ហើយ! តើ​យើង​មាន​ឧបសគ្គ​អ្វី​ខ្លះ​ទៀត? ឬ​មួយ​លែង​ខ្វល់​ហើយ?

   ចម្លើយ ៖ ក្រុម​ការងារ​វិទ្យាស្ថាន​បើក​ទូលាយ​ខ្មែរ​យើង​ បាន​ចាប់ផ្ដើម​សហការ​គ្នា​ជាមួយ Google តាំងតែ​ពី 5 ឆ្នាំ​មុន​មក​ម្ល៉េះ ទម្រាំ​ចេញ​ជា​សាច់​ការ​ប៉ុណ្ណឹង​នែក។ ហើយ​គាត់​ថា​ដំណាក់កាល​នេះ គ្រាន់តែ​ជា​ជំហាន​សាក​ឲ្យ​ប្រើ ត្រឹមត្រូវ​កម្រិត​ណា​នោះ ទាល់តែ​បញ្ចូល​អត្ថបទ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ម៉ាស៊ីន Google Translate ច្រោះ​រែង​យក​តែ​ពាក្យ​ណា​ដែល​ត្រឹមត្រូវ​ ទុក​ជា​គោល​ក្នុង​ការ​បក​ប្រែ​លើក​ក្រោយៗ។ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា ទាល់តែ​រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​ទើប​ការ​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​បាន​ត្រឹមត្រូវ​ល្អ។ ហើយ​ចំពោះ​ជំនាន់​នៃ​ការ​បកប្រែ បើ​តាម​ខ្ញុំ​ស្មាន​គ្មាន​ជំនាន់​អី​ទេ កំហុស​នៅ​តែ​មាន ឯ​អ្នក​កែ​បញ្ហា​នៅ​តែ​កែ សំខាន់​ត្រង់ថា បើ​យើង​មាន​គ្នា​ច្រើន​នោះ​កិច្ចការ​អ្វី​នឹង​ឆាប់​បាន​សម្រេច។

៙ តើ​មាន​ផលវិបាក​អ្វី​ខ្លះ​ចំពោះ​ខ្មែរ​យើង?
   ផល​អាក្រក់​ដែល​ជា​ឧបសគ្គ​ខ្មែរ​យើង​មាន​ច្រើន​ដែរ ហើយ​ទម្លាប់​អាក្រក់​ទាំងនោះ​យើង​អាច​កែប្រែ​បាន​លុះត្រា​តែ​ខ្មែរ​យើង​ដឹង​ដែរ តែ​បើ​មិន​ដឹង​សូវ​បន្ត​អាន​ទម្លាប់​អាក្រក់​របស់​ខ្មែរ​យើង​ក្នុង​សរសេរ​ដូចខាក្រោម​នេះ ៖

៙ ការ​សរសេរ​ជា​ឡាតាំង ៚
   មិន​ចាំបាច់​មាន​អ្នក ជំនាញ​ឯកទេស បណ្ឌិត សាស្ត្រាចារ្យ មក​ពន្យល់​ទេ អា​ក្បាល​ធំ​ខ្ញុំ​នេះ​សូម​ប្រាប់​ថា ឡាតាំង​គេ​បង្កើត​មក​ដើម្បី​ងាយស្រួល​ប្រកប​ដើម្បី​សរសេរ​ជា​ឈ្មោះ មិនមែន​ទុក​ឲ្យ​ខ្មែរ​​យើង យក​មក​សរសេរ​ជា​ឃ្លា​នោះ​ទេ។ បើ​អស់​លោកអ្នក​សរសេរ​ខ្មែរ​ជា​អក្សរ​ឡាតាំង​នោះ Google Translate មិន​អាច​បកប្រែ​បាន​ទេ​។ ដូច្នេះ​ហើយ​បើ​យើង​ចង់​នាំ​សារ​ឲ្យ​អន្តរជាតិ​គេ​មើល​យល់​ថា យើង​ចង់​មតិ​ពី​អ្វី ចង់​និយាយ​អ្វី​ខ្លះ​ទៅ​កាន់​ពិភពលោក​ឲ្យ​គេ​ដឹង ដាច់ខាត​ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ។ ខ្ញុំ​ដឹង​ថា​កាល​ដែល​ពួក​គាត់​សរសេរ​ជា​ឡាតាំង​មក​ពី​គាត់​គិតថា ដៃគូ​ដែល​គាត់​ទំនាក់ទំនង មិនអាច​មើល​ឃើញ​អក្សរ​ខ្មែរ ឬ​ឧបករណ៍​របស់​គាត់​គ្មាន​អក្សរ​ខ្មែរ។

៙ សរសេរ​ខ្មែរ​ឲ្យ​ត្រូវ​អក្ខរាវិរុទ្ធ ៚
   យើង​ត្រូវ​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​ត្រូវ​អក្ខរាវិរុទ្ធ នោះ​ទើប​ការ​បកប្រែ​បាន​ត្រូវ​ពាក្យ​ដែល​គេ​កំណត់​ទុក​ក្នុង​ម៉ាស៊ីន​មេ​របស់​គេ។ ហើយ​បើ​យើង​សរសេរ​ខុស​ពាក្យ តើ​ឲ្យ​​កុំព្យូទ័រ​វា​​បក​បាន​យ៉ាងម៉េច​កើត!។ ដើម្បី​ឲ្យ​ការ​សរសេរ​ប្រព្រឹត្ត​ទៅ​បាន​ត្រឹមត្រូវ គឺ​យើង​ត្រូវ​សរសេរ​អក្សរ​ខ្មែរ​នៅ​ក្នុង​កម្មវិធី​ណា​ដែល​មាន "ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ" នោះ​ទើប​យើង​អាច​ដឹង​ថា តើ​យើង​សរសេរ​ខុស​ពាក្យ​ត្រង់​ណា​ខ្លះ!។ ​ខ្ញុំសំគាល់​ឃើញ​ថា​ខ្មែរ​យើង​ ​ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ឲ្យ​គេហទំព័រ​នានា ពួក​គាត់​សរសេរ​ដោយ​មិន​ផ្អែក​លើ "​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ" ទេ គាត់​មិន​ដឹង​ថា​គាត់​សរសេរ​ខុស​ត្រង់​ណា​​ឡើយ ព្រោះ​ ជាពិសេស​សរសេរ​ជើង"​ដ" ទៅជា​ជើង"​ត" ពាក្យ​ដែល​ពិបាកៗ​គឺ​សរសេរ​ខុស​គ្រប់​ពេល​មិន​ដែល​ខាន។

៙ ការ​សរសេរ​ខុស​វេយ្យាករណ៍​ ៚
   យើង​ដឹង​ស្រាប់​ហើយ​ថា Google Translate អាច​ដំណើរការ​បកប្រែ​បាន​ដោយសារ​មាន​វេយ្យាករណ៍ និង​មួយ​ផ្នែក​ទៀត​បាន​មកពី​ការ​កំណត់​របស់​អ្នក​គ្រប់គ្រង​ម៉ាស៊ីន​។ មាន​ឃ្លា​ខ្លះ​បក​មិន​ត្រូវ នោះ​ដោយសារ​តែ​វេយ្យាករណ៍ ដូចជា​ពាក្យ​ដែល​មាន​ន័យ​បង្កប់​ជាដើម កំណាព្យ ពាក្យស្លោក....។​


   សរុប​មក​យើង​ជា​ខ្មែរ​ត្រូវ​សរសេរ​ភាសាខ្មែរ កុំ​សរសេរ​ខ្មែរ​ជា​ឡាតាំង​ឲ្យ​សោះ ខ្មាស​គេ គេ​មើល​ងាយ​ជាតិ​សាសន៍​យើង​បាន​តាម​រយៈ​យើង​មិន​ស្រឡាញ់​អក្សរ​ជាតិ​ខ្លួន៕