Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

ខ្មោច​លោក Steve Jobs បាន​ហៅ​ប្រព័ន្ធ​ដំណើរការ Android ថា​ជា​ផលិតផល​លួច​ចម្លង ហើយ​គាត់​ប្ដេជ្ញា​បំផ្លាញ​វា

   កាល​ពី​ចេញ​ថ្មីៗ​នេះ តុលាការ​អាមេរិក​បាន​កាត់​ក្ដី​អោយ Samsung ដែល​ជា​ក្រុមហ៊ុន​យក្ស​ផលិត​គ្រឿង​អេឡិចត្រូនិក​ធំ​បំផុត​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង សង់​ការ​ខាតបង់​ទៅ​អោយ​ក្រុមហ៊ុន Appleជា​ទឹក​ប្រាក់​ចំនួន​ជាង 1 ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ដោយ​សារ Samsung លួច​ចម្លង​បច្ចេកវិទ្យា "របៀប​ចុច​បញ្ជា​លើ​អេក្រង់​មួយ​ចំនួន និង​មាន​រូបរាង​ចម្លង​ម៉ូដ​តាម" តែ Samsungបាន​បដិសេធន៍​និង​ខំ​រក​ភស្តុតាង​ដើម្បី​បញ្ជាក់​ថា​ខ្លួន​មិន​បាន​លួច​ចម្លង​បច្ចេកវិទ្យា​របស់ Apple នោះ​ទេ។ រឿង​នេះ​ល្បី​សុះសាយ​គ្រប់​ទិសទី សូម្បីតែ​អ្នក​ប្រើ "អិនចុចពិល" ក៏​ដឹង​ដែរ​អំពី Apple Vs Samsung ។ បើ​តាម​នីតិ​វិធី​តុលា​បាន​ទុក​សិទ្ធ​អោយ Samsung ប្ដឹង​បក​បន្ត​ទៀត​បាន តែ Samsung ត្រូវ​មាន​ភស្តុតាង​ថ្មី​បន្ថែម​ទៀត​ដើម្បី​អោយ​តុលាការ​ជឿ​ទុក​ចិត្ត។
   អ្នក​វិភាគ​អន្តរជាតិ​បាន​វិភាគ​ថា "ភស្តុតាង​ចំពោះ​រឿង​នេះ វា​ពិត​ជា​ជិះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​បំផុត ទៅ​លើ​ទូរស័ព្ទ​ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ការ​ឈ្នះ​ក្ដី​ក្នុង​តុលាការ របស់ Apple ជា​សញ្ញា​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ ពញ្ញាក់​ដល់​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់ នៅ​លើ​ទីផ្សារ មិន​ត្រឹម​តែ Samsung នោះ​ទេ វា​ថែម​ទាំង ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ជា​លើក​ទី 2 ទៅ​ដល់​ឧបករណ៍ Android របស់​ពួក​គេ​ទាំងអស់។ បន្ទាប់​ពី​រឿង​ទាំង​នេះ​កើត​ឡើង គ្មាន​ក្រុមហ៊ុន ណាមួយ ហ៊ាន​ផ្សងព្រេង​បង្ហាញ​ឧបករណ៍ ដែល​អាច​ឲ្យ​ពួក​គេ ត្រូវ​គេ​ប្ដឹង​នោះ​ទេ។ ក្រុមហ៊ុន Google ប្រហែល​ជា​ធ្វើ​ការងារ​បង្កើត មូលដ្ឋានគ្រឹះ​មួយ​ចំនួន​បន្ថែម​ទៀត ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន ដើម្បី​ជៀសវាង​ជួប​រឿង​អកុសល​ដូច Samsung ម្ដង​ទៀត ខណៈ​ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់ គ្រឿង អេឡិចត្រូនិក​ជា​ច្រើន​ទៀត ប្រាកដ​ក្នុង​ខ្លួន​ថា នឹង​ធ្វើ​ឧបករណ៍​របស់​ខ្លួន ឲ្យ​ខុស​ពី​ផលិតផល​របស់ Apple"

   ខ្ញុំ​គិត​ថា រឿង​នេះ​មិន​ដល់​ថ្នាក់​ធ្វើ​អោយ Samsung គាំង​បាន​ទេ គ្រាន់​តែ​ខាត​លុយ​ខ្លះ​ពី​ការ​ចំណេញ​កន្លង​មក។ ហើយ​ការ​ចេញ iPhone 5 ធ្វើ​អោយ Galaxy SIII អាម៉ាស់​តាម​សម្ដី​បែប​ឡកឡឺយ​របស់​ជនជាតិ​ចិន ដែល​ជា​ម្ចាស់​រោងចក្រ​ទទួល​ដំឡើង iPhone នោះ​គឺ​គ្មាន​បាន​ការ និង​ជា​ការ​មាក់ងាយ​ចំៗ​មក​លើ Galaxy SIII ដែល​គ្រាន់តែ​ចេញ​មក​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ប្រើប្រាស់​តែប៉ុណ្ណោះ។

   និយាយ​ពី ខ្មោច​លោក Steve Jobs ដែល​កាលពី​នៅ​រស់ "បាន​ហៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ Android ថា​ជា​ផលិតផល​លួច​ចម្លង ហើយ​គាត់​ប្ដេជ្ញា​ថា​នឹង​បំផ្លាញ​វា" គឺ​ជា​រឿង​មួយ​ដែល​ធ្ងន់ធ្ងរ និង​សាហាវ​ព្រៃផ្សៃ​បំផុត ដែល​ខ្មោច​លោក Steve Jobs ហ៊ាន​និយាយ​បែប​នេះ។ Android គឺ​ជា​កូន​ស្នង​មរតក ដែល Google បាន​ទិញ​យក​មក និង​បំប៉ន​ចំណី រីក​ធំធាត់​រហូត​មក​ដល់​ពេល​នេះ Google មាន​ធនធាន​មនុស្ស និង លុយ​ច្រើន​ណាស់ អ្វី​ដែល Google បាន​ធ្វើ​កន្លង​មក​រហូត​មក​ដល់​ពេល​នេះ​គឺ ប្រមូល​ទិញ​បច្ចេកវិទ្យា​និង​អភិវឌ្ឍន៍ មិន​មែន​ចាំ​លួច Copy ពី Apple នោះ​ទេ។ អនាគត​របស់ Android គឺ​ជា​ប្រព័ន្ធ​ដំណើរការ​កុំព្យូទ័រ​ចុច​បញ្ជា​លើ​អេក្រង់ មិន​មែន​ត្រឹម​ជា Osទូរស័ព្ទ​ប៉ុណ្ណឹង​ទេ ហើយ Windows មិន​ប្រាកដ​ថា​អាច​ឈរ​ជើង​ជា​កំពូល OS ដែល​មាន​អ្នក​ប្រើ​ច្រើន​រហូត​ទេ ព្រោះ Windows 8 ឥឡូវ​កំពុង​តែ​ធ្វើ​អោយ​អ្នក​ប្រើ​ឈឺ​ក្បាល​ខ្លាំង​ណាស់។

   Apple មាន​សិទ្ធិ​ប្ដឹង​នៅ​ពេល​យល់​ថា Android លួច​ចម្លង ។ ហើយ Android ប្រាកដ​ជា​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​អោយ​គេ​ប្ដឹង​បាន ជា​ពិសេស​ធ្វើ​អោយ​អ្នក​ប្រើ​គេ​ទទួល​ស្គាល់ មិន​មែន​ធ្វើ​ដើម្បី​អោយ Apple និង Microsoft ខ្លាច​នោះ​ទេ។ គំនិត​របស់ ខ្មោច​លោក Steve Jobs ចង់​ក្ដោបក្ដាប់​ទីផ្សារ​គ្រឿង​អេឡិចត្រូនិក​តែម្នាក់​ឯ តែ​សំណាង​ណាស់​ដែល Apple មិន​មែន​ជា​អ្នក​ផលិត​ទូរស័ព្ទ​មុន​ដំបូង​គេ កុំ​អី​នៅ​លើ​លោក​នេះ​ប្រាកដ​ជា​មាន​តែ​ទូរស័ព្ទ​មួយ​សេរី​គត់​គឺ iPhone

   អ្វី​ដែល​ត្រូវ​រង់ចាំ​មើល​បន្ត​ទៀត​នោះ​គឺ Google នឹង​គិត​យ៉ាងណា ដើម្បី​ការពារ​ក្រុមហ៊ុន​ដែល​ប្រើ Android ដើម្បី​ជៀស​អោយ​ផុត​ពី​ការ​ប្ដឹងផ្ដល់។ សូម​រំលឹក​ថា Google ទិញ​យក Motorola ដើម្បី​ការពារ Android ពី​ការ​ប្ដឹងផ្ដល់ ហើយ​ថ្មីៗ​នេះ Google បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ចោល​ប្រកាន់ Apple ថា​បាន​លួច​ល្មើស​កម្មសិទ្ធិ​បញ្ញា​មួយ​ចំនួន របស់​ខ្លួន​បន្ទាប់​ពី​ទិញ​យក​បច្ចេកវិទ្យា Motorola រួច​មក។ មូលហេតុ​ដែល​ហ៊ាន​ប្ដឹង Apple បែប​នេះ​មក​ពី Google ទើប​តែ​ទិញ​យក Motorola មួយ​ទាំង​មូល​រឿង​អី​មិន​សងសឹក និង​លុបលាង​ភាព​អាម៉ាស់​ដោយសារ​ការ​ចោទ​ប្រកាន់​កន្លង​មក។ តើ Google អត់​អោន Apple ដែល​ជា​ក្រុមហ៊ុន​គ្មាន​ដែល​ធ្វើ​ទូរស័ព្ទ​ពី​មុន​មក​ទេ តែ​បែរ​ជា​ប្ដឹង​ក្រុមហ៊ុន​ដែល​មាន​កម្មសិទ្ធិបញ្ញា ខាង​ឧបករណ៍​ទាក់ទង​ឥត​ខ្សែ។

   Samsung ក៏​មិន​នៅ​ស្ងៀម​ដែរ ពេល​នេះ Samsung បាន​ប្រកាស​ថា បើ iPhone ចេញ​លក់ ទូរស័ព្ទ​ដែល​ប្រើ LTE (4G)នោះ​គេ​នឹង​ប្ដឹង Apple មិន​អោយ​លក់ iPhone 5 ទេ ព្រោះ Samsung មាន​កម្មសិទ្ធិបញ្ញា​បច្ចេកវិទ្យា LTE ប្រហែល 10% ។ តើ 10% អំពី LTE ដែល Samsung មាន​ក្នុង​ដៃ​អាច​ធ្វើ​អោយ Apple មិន​អាច​លក់ iPhone 5 បាន​ដែល​ឬ​អត់? តើ Samsung គ្រាន់តែ​បន្លាច Apple ? ហើយ​ចុះ​បណ្ដឹង Google ដែល​បាន​ដាក់​ទៅ​តុលាការ អាច​សង្ឃឹមថា​ឈ្នះ​ដែរ​ឬ​ទេ? ចម្លើយ​មាន​តែ​រង់ចាំ​មើល នេះ​ជា​សង្គ្រាម​បច្ចេកវិទ្យា ដែល​ផ្ដើម​ផ្ទុះ​លើង​ដោយ Apple ដែល​ជា​ក្រុមហ៊ុន​គ្មាន​គ្រឹះ​ធ្វើ​ទូរស័ព្ទ​ពី​មុន​មក​ទេ។


   រំលឹក​ពី Nokia វិញ​បាន​ត្រឹម​ហួស​ចិត្ត និង​សោកស្ដាយ​នូវ​អ្វី​ដែល​ខ្លួន​បាន​ខិតខំ​ស្រាវជ្រាវ​ទម្រាំ​អាច​បង្រួម​បច្ចេកវិទ្យា​ឥត​ខ្សែ​អោយ​រួម​តូច​បាន ហើយ​បែបជា​ត្រូវ Apple ដែល​មិន​ដែល​ផលិត និង​ស្រាវជ្រាវ​ខាង​ទូរស័ព្ទ​សោះ ចេញ​ទូរស័ព្ទ​យ៉ាង​សង្ហារ​និង​បាន​តាំង​ខ្លួន​ឯង​ថា​ជា​ម្ចាស់​នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​ទៅ​វិញ។ ខ្ញុំ​ជឿ​ថា សង្គ្រាម​នេះ​នឹង​មិន​បញ្ចប់​ដោយ​ការ​សម្រុះសម្រួល​គ្នា​នោះ​ទេ គឺ​ប្រាកដ​ជា​ភ្លាត់​ត្រូវ​ខ្លួន​ឯង​វិញ ដោយសារ​តែ​ការ​លោភលន់​របស់ Apple