ថ្មីៗ នេះ
អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft លោក
Bill Gates បានបញ្ជាក់ថា ក្រុមហ៊ុន Microsoft កំពុងតែសម្ភាសន៍បេក្ខជន
ទាំងមកពីក្រុមហ៊ុនខាងក្រៅ និង បេក្ខជនដែលកំពុងធ្វើការ នៅក្នុងក្រុមហ៊ុន Microsoft ដើម្បីជ្រើសរើសឲ្យមកកាន់តំណែងជា
នាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft ។
ការប្រកាសជ្រើសរើស នាយកប្រតិបត្តិថ្មី បានធ្វើឡើង បន្ទាប់ពី លោក Steve Ballmer បានប្រកាសថា លោក នឹងចូលនិវត្តន៍
ក្រោយពីបម្រើការងារក្នុងតំណែងជា CEO របស់
Microsoft អស់រយៈពេល 13 ឆ្នាំ មកនេះ។
ក្នុងខណៈដែលដំណើរការនៃការស្វែងរកនាយកប្រតិបត្តិថ្មី លោក Bill Gates មិនបានភ្លេចទេ ពីការថ្លែងអំណរគុណដល់ លោក Steve Ballmer ។ បើយោងទៅតាមគេហទំព័របច្ចេកវិទ្យា CNET បានឲ្យដឹងថា លោក Bill Gates បានសម្រក់ទឹកភ្នែក នៅពេលនិយាយដល់លោក Steve Ballmer "ខ្ញុំចង់និយាយពាក្យ
"អរគុណ" ចំពោះលោក Steve Ballmer ដែលបានដឹកនាំក្រុមហ៊ុន
Microsoft អស់រយៈពេល 13 ឆ្នាំមកនេះ។ លោក Steve Ballmer ពិតជាបានបន្សល់ទុកស្នាដៃជាច្រើន
ក៏ដូចជាបណ្ដុះបណ្ដាលទេពកោសល្យដល់បុគ្គលិកក្នុងក្រុមហ៊ុន Microsoft នេះ " ។
ក្រៅពីនេះ លោក Bill Gates ក៏បានបញ្ជាក់ថា អ្នកបន្ទាប់ ដែល
នឹងត្រូវបានជ្រើស ឲ្យអង្គុយនៅលើកៅអីជានាយកប្រតិបត្តិគឺ
ជាមនុស្សដែលមានទេពកោសល្យដូចលោក Steve Ballmer ដែរ
" ។ លោក Bill Gates ក៏បានសន្យាផងដែរថា ក្រុមហ៊ុន Microsoft នឹងបន្តទទួលបានជោគជ័យ
និងធ្វើឲ្យពិភពលោកមួយនេះ ទទួលបាននូវអ្វី ដែលល្អប្រសើរជាងមុន៕