![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnaastbb2seMq-jH4rATGRf4_TATIV0dB6CvvvdG8yvmxC5iVz4XUE3tUtriPSoPjsVfOfZ7btfavrh45yLf4TxiObAusalH_Ff88ugDuYYfVHi-Ue50PLWN01zoKQ6RKr4BOtxswFfTn-/s1600/wrtter+5+tip+post.png)
»» សូមកុំបង្ហិនពេលអ្នកអាន ៖
អ្នកបានចាប់ផ្ដើមសរសេរកំណត់ហេតុបណ្ដាញសម្រាប់បុព្វហេតុអ្វីមួយ
ដូចជាចង់ចែករំលែកចំណេះដឹងជាដើម តែសូមសរសេរអ្វីដែលគួរឲ្យជឿ
ឬរឿងដែលអាចកើតមានមែន មិនត្រូវសរសេរអ្វីដែលប្រូហួសហេតុឡើយ ឧទាហរណ៍
ទូរស័ព្ទដែលស្ដើងសឹងស្មើក្រដាស ហើយថ្លាគ្មានឃើញគ្រឿងម៉ាស៊ីនសោះ
ការសរសេរតែរឿងបែបហ្នឹង ខ្ញុំយល់ថា បង្ហិនពេលអ្នកមើលច្រើនណាស់
ព្រោះមួយថ្ងៃៗមានអត្ថបទបច្ចេកវិទ្យាពិតៗ
ចាំឲ្យអ្នកបកប្រែមកជាភាសាខ្មែរច្រើនដល់បកប្រែមិនទាន់ផង
ហេតុអីក៏លើកតែរឿងមិនពិត មកនិយាយធ្វើអី!!!
»»ប្រកួតប្រជែងសរសេរអត្ថបទ ៖
ថ្វីត្បិតតែប្លុកដែលយើងសរសេរនេះ
គ្រាន់តែជាកំណត់ហេតុបណ្ដាញម៉ារៀលៗមែន តែយើងក៏អាចធ្វើការប្រកួតប្រជែង
ជាមួយបណ្ដាគេហទំព័រធំៗក៏បានដែរ ព្រោះ Blogger អាចឲ្យលោកអ្នកសរសេរដោយគ្មានដែនកំណត់
ហើយណាមួយឥឡូវនេះប្រព័ន្ធបកប្រែអក្សរដោយស្វ័យប្រវត្តិ Google
translate អាចបកមកជាភាសាខ្មែរហើយ
គ្រាន់តែអត្ថន័យនៅខុសច្រើន ដូច្នេះ យើងអាចសរសេរពីបច្ចេកវិទ្យា
គន្លឹះកុំព្យូទ័រ
ដោយគ្រាន់តែពឹងវាឲ្យបកមកជាខ្មែររួចសង្ខេបយកតែចំណុចសំខាន់ៗ
បើសិនជាអ្នកមិនសូវពិនសរសេរពន្លៀនបន្ថែមនោះ។
ការធ្វើបែបនេះដើម្បីជៀសវាងចាំតែលួចចម្លងគេស្រាប់ៗ
ព្រោះបើចាំតែចម្លងសុទ្ធអញ្ចឹង មិនល្អទេ ត្រូវរៀនចេះកែច្នៃខ្លះផង
ព្រោះការបកប្រែមិនសូវពិបាកដូចមុនទៀតនោះទេ។
»» ផ្អែកលើច្បាប់ ៖
បើយើងចង់លើកយករឿងអ្វីមួយមកសរសេរតាមតែកំហឹង
តាមតែចិត្តនឹកឃើញមិនបានទេ ត្រូវយកច្បាប់មកសំអាង ថាតើការរិះគន់
ឬផលអវិជ្ជមាន ឬបទល្មើសដែលយើងថាខុសនោះ ស្ថិតក្រៅគុណធម៌
ឬល្មើសច្បាប់ក្នុងប្រការណាខ្លះ
ឧទាហរណ៍យើងសរសេរពីផលអាក្រក់នៃការលេងហ្គេមបាច់កាំភ្លើង
យើងត្រូវលើកយកផងអាក្រក់ដែលកើតមានជាក់ស្ដែង
ព្រោះស្រុកខ្មែរឥឡូវហ្គេមបាញ់គ្នា ដូចជាចេញមុខចេញមាត់សម្បើមណាស់
ខណៈដែលឃាតកម្ម
ប្លន់ប្រដាប់អាវុធកើតឡើងកណ្ដាលក្រុងដ៏តូចមួយនេះស្ទើររាល់ថ្ងៃនោះ។
មួយទៀតមិនត្រូវប្រកាសរាល់រូបភាពមិនសមរម្យដូចជា
រូបសពជនរងគ្រោះថ្នាក់ចរាចរណ៍ ទាំងដុល មិនមានអីបិទបាំងសោះ ជាពិសេស
អាកាសែតស្រុកខ្មែរ
មុននឹងក្លាយជាអ្នកកាសែតសុទ្ធតែបានឆ្លងកាត់វគ្គសុជីវធម៌
និងវិជ្ជាជីវៈអ្នកកាសែត តែដល់ធ្វើការ ផ្ទុយគ្នា មានព័ត៌មានជាច្រើនដែលប្រជាពលរដ្ឋបានដឹងហើយនោះ
នៅតែខំបិទបាំងឲ្យពួកជនល្មើស ពួកអ្នកមានលុយបិទមាត់
កាសែតរបៀបនេះគេបង្កើតដើម្បីរកលុយ មិនសម្រាប់ផ្សព្វផ្សាយដំណឹងឡើយ។
»»សរសេរតាមវេយ្យាករណ៍ និងត្រួតពិនិត្យអក្ខរាវិរុទ្ធ ៖
បើនិយាយពីការសរសេរ
មិនដឹងថាវេយ្យាករណ៍នៅត្រង់ណានោះទេ ហើយខ្ញុំក៏មិនដឹងដែរ
បានត្រឹមសរសេររៀបរាប់តាមព្រឹត្តិការណ៍តែប៉ុណ្ណោះ
សំខាន់ឲ្យតែមានអ្នកងាយស្រួលយល់។ ប្រសិនបើអ្នកសរសេរមិនតាមលំដាប់លំដោយវេយ្យាករណ៍
ឬការប្រកបទេ ឧទាហរណ៍សរសេរមិនប្រើត្រួតពិនិត្យអក្ខរាវិរុទ្ធនោះ
នោះម៉ាស៊ីនស្វែងរក Google នឹងបន្ថយចំណាត់ថ្នាក់ប្លុករបស់អ្នក
ធ្វើឲ្យអត្ថបទដែលមានគេស្វែងរក ត្រូវបង្ហាញនៅចុងប៉ូចគេ
អញ្ចឹងហើយសូមកុំខឹងថា Google មិនបង្ហាញប្លុករបស់អ្នកឲ្យសោះណា។
មានគេហទំព័រ និងប្លុកខ្មែរជាច្រើនសរសេរឲ្យតែរួចពីដៃ
មិនដឹងថាខ្លួនឯងសរសេរខុសច្រើននោះទេ
ជាទូទៅការសរសេរតែងតែមានកំហុសពាក្យ
តែមិនត្រូវឧស្សាហ៍សរសេរខុសពេកនោះទេ
សូម្បីតែចំណងជើងដ៏ខ្លីមួយក៏សរសេរខុសដែរ
ត្រង់នេះអ្នកសរសេរមិនដឹងជាសរសេរតាមអានបានពិន្ទុប៉ុន្មានទេកាលនៅរៀន។
»» ត្រូវមានរូបអមមកជាមួយអត្ថបទ ៖
អ្នកសរសេរត្រូវខំរករូបភាពណាដែលទាក់ទងនឹងប្រធានបទ
បើទោះមិនដឹងថាត្រូវដាក់រូបអីក៏បានរូបស្អាតជួយយោងដែរ ជៀសវាងការដាក់រូបចោលឆ្កុយ
:D លោកអ្នកមិនត្រូវដាក់តែរូបសុទ្ធទេ
យ៉ាងហោចណាស់ក៏ត្រូវមានចំណងជើងរបស់រូបភាពដែរ
បើអ្នកមិនមានអត្ថបទអីត្រូវសរសេរនោះ។
ព្រោះអ្នកមើលខ្លះគាត់ពិតជាមិនដឹងថាយើងចង់និយាយអ្វីមួយមែន។
នេះគ្រាន់តែជាយោបល់តិចតួច សង្ឃឹមថាអាចតម្រង់ទិស និងកែប្រែទម្លាប់របស់អ្នកចោលខ្លះទៅ ជាពិសេសព័ត៌មានណាដែលមិនផ្ដល់ចំណេះដឹងដល់អ្នកអាន ត្រូវចាំថា «អានច្រើនកើនចំណេះ» តែបើយើងសរសេរ ឬបង្ហាញអ្វីដែលគ្មានផ្ដល់ចំណេះ ឬដំណឹងមានប្រយោជន៍សោះ នោះថ្ងៃក្រោយ អ្នកនឹងសម្លឹងមើលឃើញអតីតកាលដែលអ្នកខំប្រឹង ក្លាយជារឿងអត់បានការណ៍ គ្មានអ្នកចង់មកមើលទៀតសោះទៅវិញ។ នឹកស្ដាយញើសឈាមប្រែទៅជាសំរាមក្នុងអ៊ីនធឺណិតទៅវិញ ទាំងអ្នកទាំងខ្ញុំប្រាកដជាមិនចង់ជួបរឿងបែបនេះឡើយ៕