នៅក្នុងនាទីយល់ដឹង ពីច្បាប់ នៅថ្ងៃនេះ
សេង ឌីណា សូមធ្វើការពន្យល់ជុំវិញការទទួលខុសត្រូវ ចំពោះខ្លឹមសារ
ដែលចុះផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិត។ នៅពេលដែលការចុះផ្សាយនៅលើ
វិបសៃត៍ណាមួយ មានបង្កប់នូវខ្លឹមសារមិនស្របច្បាប់ តើអ្នកណាជាអ្នក ទទួលខុសត្រូវ?
សំណួរ-នៅក្នុងសម័យកាលអ៊ីនធឺណិតបច្ចុប្បន្ននេះ
រាល់ការចុះផ្សាយអត្ថបទ រូបភាព ឬវីដេអូ គឺជារឿងដែលងាយស្រួលបំផុត
ដែលនរណាក៏អាចធ្វើបានដែរ។ ក៏ប៉ុន្តែ ប្រសិនបើការចុះផ្សាយទាំងអស់នេះ
មានចោទជាបញ្ហាច្បាប់ តើអ្នកណាខ្លះ ដែលជាអ្នកទទួលខុសត្រូវ?
មុននឹងពិចារណាអំពីការទទួលខុសត្រូវ
យើងគួរពិនិត្យមើលសិនថា តើតួអង្គសំខាន់ៗ
នៅក្នុងការចុះផ្សាយលើប្រព័ន្ធអ៊ីនធ័រនែត មានអ្នកណាខ្លះ?
អ្នកនិពន្ធ៖
អ្នកបង្កើតខ្លឹមសារដែលត្រូវចុះផ្សាយ (អ្នកនិពន្ធអត្ថបទ, អ្នកថតរូប, អ្នកថតវីដេអូ, អ្នកគូរគំនូរ ។ល។)
អ្នកទទួលខុសត្រូវចុះផ្សាយ៖
ម្ចាស់វិបសៃត៍, ម្ចាស់ប្លក (Blog), ម្ចាស់ Forum
អ្នកផ្តល់សេវាកម្មវិបសៃត៍
(Hébergeur/Host)
ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត
(Fournisseur d’accès à
internet/Internet Service Provider)
ឧទាហរណ៍៖
ខ្ញុំបង្កើត Blog ផ្ទាល់ខ្លួនមួយ តាមរយៈវិបសៃត៍របស់ Blogspot.com (dynaseng.blogspot.com)។ តួអង្គសំខាន់ៗ
ដែលពាក់ព័ន្ធនឹងខ្លឹមសារចុះផ្សាយនៅលើប្លក dynaseng.blogspot.com នេះ គឺមាន៖
»» Blogspot គឺជាអ្នកផ្តល់សេវាកម្មវិបសៃត៍ (Héberbeur/Host)
»» ខ្លួនខ្ញុំផ្ទាល់
ដែលជាម្ចាស់ប្លក គឺជាអ្នកទទួលខុសត្រូវចុះផ្សាយ
»» បើសិនជាអត្ថបទ
ដែលចុះផ្សាយនៅលើប្លកនេះ ជាអត្ថបទ ដែលខ្ញុំសរសេរដោយខ្លួនឯង
ខ្ញុំគឺជាអ្នកទទួលខុសត្រូវចុះផ្សាយផង និងជាអ្នកនិពន្ធផង
»» បើសិនជាខ្ញុំចុះផ្សាយអត្ថបទ
ឬរូបថត ដែលសរសេរ ឬថតដោយអ្នកផ្សេង អ្នកសរសេរអត្ថបទ ឬអ្នកថតរូបនេះ
គឺជាអ្នកនិពន្ធ ហើយខ្ញុំគ្រាន់តែជាអ្នកទទួលខុសត្រូវចុះផ្សាយប៉ុណ្ណោះ។
»» ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រនែត
បើនៅក្នុងប្រទេសកម្ពុជា គឺមានដូចជា Online, CityLink, Angkornet, Camnet ...
ទាក់ទងនឹងបណ្តាញទំនាក់ទំនងសង្គមវិញ
ឧទាហរណ៍ ដូចជា៖
»»Facebook គឺត្រូវចាត់ទុកដូចជាអ្នកផ្តល់សេវាកម្មវិបសៃត៍
(Héberbeur/Host) ឯម្ចាស់ទំព័រហ្វេសប៊ុក
គឺជាអ្នកទទួលខុសត្រូវចុះផ្សាយ
»»Youtube ក៏ដូចគ្នា
គឺត្រូវចាត់ទុកដូចជាអ្នកផ្តល់សេវាកម្មវិបសៃត៍ (Héberbeur/Host) ឯអ្នកដែលបង្កើត Account នៅលើ Youtube គឺជាអ្នកទទួលខុសត្រូវចុះផ្សាយ។
ទាក់ទងទៅនឹងការទទួលខុសត្រូវលើខ្លឹមសារ
ដែលចុះផ្សាយនៅលើវិបសៃត៍ Blog ឬបណ្តាញទំនាក់ទំនងសង្គមទាំងអស់នេះ
ដោយសារតែច្បាប់ខ្មែរនៅមានចំណុចខ្វះចន្លោះច្រើនទាក់ទងនឹងបញ្ហា នេះ
ខ្ញុំសូមធ្វើការពន្យល់ ដោយយោងទៅលើច្បាប់នៅប្រទេសបារាំង។
ច្បាប់បារាំងបានកំណត់នូវគោលការណ៍មួយថា
អ្នកទទួលខុសត្រូវចុះផ្សាយ មានន័យថា ម្ចាស់វិបសៃត៍ ឬម្ចាស់ Blog គឺជាអ្នកដែលមានការទទួលខុសត្រូវច្រើនជាងគេ
និងមុនគេ ចំពោះខ្លឹមសារ ដែលចុះផ្សាយនៅលើវិបសៃត៍ ឬ Blog របស់ខ្លួន។
ចំពោះអ្នកនិពន្ធ
គាត់អាចមានការទទួលខុសត្រូវ ឬក៏អត់ គឺអាស្រ័យទៅលើករណីជាក់ស្តែង។ ធម្មតា
អ្នកនិពន្ធត្រូវមានចំណែកទទួលខុសត្រូវជាមួយនឹងម្ចាស់វិបសៃត៍
បើសិនជាគាត់បានសហការជាមួយម្ចាស់វិបសៃត៍ក្នុងការចុះផ្សាយ
ឬបានព្រមព្រៀងឲ្យមានការចុះផ្សាយខ្លឹមសារ ដែលគាត់បានបង្កើត។
អ្នកនិពន្ធអាចចៀសផុតពីការទទួលខុសត្រូវ
បើសិនជាម្ចាស់វិបសៃត៍យកស្នាដៃរបស់គាត់ទៅចុះផ្សាយ ដោយគ្មានការដឹងឮ
គ្មានការព្រមព្រៀង គ្មានការអនុញ្ញាតពីគាត់។ ក្នុងករណីនេះ
អ្នកនិពន្ធអាចប្តឹងម្ចាស់វិបសៃត៍វិញផង
បើសិនជាចូលក្នុងករណីរំលោភលើសិទ្ធិអ្នកនិពន្ធ។
ចំពោះអ្នកផ្តល់សេវាកម្មវិបសៃត៍ (Hébergeur/Host) និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រនែត
ច្បាប់បារាំងកំណត់ជាគោលការណ៍មិនឲ្យជាប់ការទទួលខុសត្រូវ ចំពោះខ្លឹមសារ
ដែលចុះផ្សាយនៅលើប្រព័ន្ធអ៊ិនធ័រនែតទេ ក្នុងហេតុផលថា
ទាំងអ្នកផ្តល់សេវាកម្មវិបសៃត៍ និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រនែត
មានតួនាទី និងការទទួលខុសត្រូវ តែទៅលើផ្នែកបច្ចេកទេសប៉ុណ្ណោះ
មិនមានតួនាទីត្រួតពិនិត្យមើលខ្លឹមសារ ដែលចុះផ្សាយនៅលើវិបសៃត៍
ដែលប្រើសេវាកម្មរបស់គាត់ទេ។
ក៏ប៉ុន្តែ គោលការណ៍មិនទទួលខុសត្រូវនេះ
អាចមានករណីលើកលែង គឺ ក្នុងករណី ដែលអ្នកផ្តល់សេវាកម្មវិបសៃត៍
ឬក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រនែតបានដឹងថា មានអត្ថបទ, រូបភាព ឬអ្វីផ្សេងទៀត ដែលមានខ្លឹមសារមិនស្របច្បាប់
(មានអត្ថន័យបរិហាកេរ្តិ៍,
រំលោភលើសិទ្ធិបុគ្គល
ឬរំលោភលើកម្មសិទ្ធិបញ្ញា ជាដើម) ត្រូវបានចុះផ្សាយនៅលើវិបសៃត៍
ដែលប្រើសេវាកម្មរបស់ខ្លួន ក៏ប៉ុន្តែ
មិនបានប្រញាប់ប្រញាល់បិទខ្ទប់លែងឲ្យសាធារណជនចូលទៅមើលវិបសៃត៍ដែល
មានចុះផ្សាយខ្លឹមសារខុសច្បាប់ទាំងនេះ។
នៅក្នុងការអនុវត្តជាក់ស្តែង
តុលាការបារាំងបានកំណត់ថា នៅពេលណា ដែលមានការជូនដំណឹង
អំពីការចុះផ្សាយដោយមិនស្របច្បាប់ណាមួយ នៅលើវិបសៃត៍
ដែលស្ថិតក្នុងបណ្តាញអ៊ីនធ័រនែតរបស់ខ្លួន អ្នកផ្តល់សេវាកម្មវិបសៃត៍
ឬក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រនែត ត្រូវតែបិទវិបសៃត៍នេះភ្លាម ហើយ “ភ្លាម” ក្នុងន័យនេះ
គឺមានន័យថា ទទួលបានដំណឹងថ្ងៃណា ត្រូវបិទនៅថ្ងៃនោះ មិនមែនចាំ
ពីរ-បីថ្ងៃ បានបិទទេ។
សំណួរ-តើអ្នកដែលគ្រាន់តែយកខ្លឹមសារ
ដែលបានចុះផ្សាយរួចហើយ ទៅចុះផ្សាយបន្ត ត្រូវទទួលខុសត្រូវលើខ្លឹមសារនេះដែរឬទេ?
បើសិនជាអត្ថបទ ឬរូបភាព
ដែលត្រូវបានចុះផ្សាយរួចហើយនេះ ជាអត្ថបទ ឬរូបភាព
ដែលមានអត្ថន័យបរិហាកេរ្តិ៍, ជេរប្រមាថ
ឬរំលោភលើសិទ្ធិឯកជនរបស់អ្នកដទៃ អ្នកដែលយកទៅចុះផ្សាយបន្ត
ក៏អាចមានការទទួលខុសត្រូវដែរ។ ជនរងគ្រោះអាចប្តឹងទាមទារឲ្យអ្នកចុះផ្សាយបន្តនេះ
បញ្ឈប់ការចុះផ្សាយ ហើយអាចទាមទារសំណងជំងឺចិត្តបាន។
ដូច្នេះ
អ្នកប្រើប្រាស់អ៊ីនធ័រនែតត្រូវតែប្រយ័ត្នប្រយែង
ពិនិត្យមើលឲ្យបានហ្មត់ចត់ មុននឹងយកអត្ថបទ ឬរូបភាពណាមួយ ទៅចុះផ្សាយបន្ត។
ជាពិសេស អ្នកប្រើ Tweeter!
នៅលើ Tweeter មានប៊ូតុងមួយ សម្រាប់ Tweet បន្ត នូវអ្វី ដែលអ្នកផ្សេងបាន Tweet រួចហើយ ដែលហៅថា “Retweet”។ ដូច្នេះ ចង់ Tweet របស់គេបន្ត
ស្រួលណាស់ ហើយមើលទៅ សាមញ្ញបំផុត ដូចជាអត់មានបញ្ហាអ្វីទាំងអស់។ ក៏ប៉ុន្តែ
សូមកុំភ្លេចថា Retweet នេះ គឺជាការចុះផ្សាយបន្ត។ ដូច្នេះ
មុននឹងចុច Retweet ត្រូវពិនិត្យ ពិចារណាឲ្យបានច្បាស់
បើសិនជា Tweet ដើម មានខ្លឹមសារបរិហាកេរ្តិ៍, ជេរប្រមាថ
ឬរំលោភលើសិទ្ធិឯកជនរបស់អ្នកដទៃ ការ Tweet បន្ត
អាចនឹងនាំឲ្យមានការទទួលខុសត្រូវលើខ្លឹមសារខុសច្បាប់នេះដែរ៕